សម្រាប់អ្នកនៅក្នុងវិស័យវិភាគទិន្នន័យ ប្រាកដណាស់យល់ដឹង ពីរបៀបដែលតារាងដែតាស្តង់ដារ(Structure Data) គួររៀបចំទុកដាក់បែបណា សម្រាប់ប្រើជាប្រភពទិន្នន័យ (Data Source) ប្រើក្នុងដែតាបេស (Database) ដែលគេយកមកធ្វើជា ក្រាហ្វទិន្នន័យ (Data Visualization Board) ឬយកមកគណនាវិភាគជាដើម។
ប៉ុន្តែសម្រាប់អ្នកចូលក្នុងវិស័យវិភាគទិន្នន័យថ្មីៗ ភាគច្រើនយើងសង្គេតឃើញថា ពួកគាត់បង្កើត តារាងទិន្នន័យទម្រង់ជាក្រាហ្វទិន្នន័យសម្រេច (visualized data) លើតារាងទិន្នន័យគោល (primary data table) តែម្តង។ ធ្វើដូចនេះវានឹងបង្ករបញ្ហាមួយចំនួន មិនមានតារាងដែតា រីឯរបាយការណ៍ត្រូវបញ្ចូលដោយដៃ (Manual data entry) មិនឆ្លាត មិនឌីណាមិច (Dynamic Calculation) និងមិនអាចស្វ័យប្រវត្តិបាន ហើយពេលត្រូវប្តូរទម្រង់រូបរាងរបាយការណ៍ គឺត្រូវបញ្ចូលទិន្នន័យឡើងវិញតែម្តង។ តែការបង្កើតតារាងស្តង់ដា នឹងជួយឲ្យការធ្វើរបាយកាណ៍ងាយស្រួលសរសេររូបមន្តគណនា និងអាចយកមកប្រើប្រាស់ធ្វើជារបាយការណ៍ផ្សេងៗបានគ្រប់ទម្រង់ ហើយអាចប្រើជាដែតាបេសសម្រាប់កម្មវិធីវិភាគទិន្នន័យធំៗផ្សេងទៀតបានដូចជា Power BI ជាដើម។
ក្នុងអត្ថបទប្លុកនេះ យើងបង្ហាញអ្នកពីរបៀបរៀបចំតារាងទិន្នន័យឲ្យទៅជា Structured Data ដែលអ្នកអាចយកទៅរចនាក្រាហ្វវិភាគទិន្នន័យដូចគម្រូរូបខាងក្រោយបាន។

ដូចម្តេចដែលហៅថា Structured Data Table ? តើវាខុសពី Visualized Table ដូចម្តេចខ្លះ? មុខហ្នឹងនិងចូលដល់អ្វីទៅជា តារាងទិន្នន័យស្តង់ដារ សូមសាកល្បងជាមួយតេស្តចំណេះដឹងអំពីតារាងទិន្នន័យស្តង់ដារខាងក្រោមបន្តិចសិន។
លក្ខណៈនៃ តារាងទិន្នន័យស្តង់ដារ
១. មានទម្រង់ជា តារាង ២វិមាត្រ (2 Dimensional Table)
ទិន្នន័យមានទម្រង់ជាតារាង ២វិមាត្រ គឺជាទិន្នន័យរៀបរៀងជា ជួរដេក (Row ឬ Record) និងជួរឈ (Column ឬ Field)។ ជាទូទៅជួរដេកដំបូងគេ មានឈ្មោះ Fieldជួរឈ និមួយៗ ដែលបញ្ជាក់ថា ជួរឈនេះសម្រាប់ដាក់ពត៌មានអ្វី។ ហើយជួរដេកបន្ទាប់ជាពត៌មានកំណត់ត្រាថ្មីៗ។
២. ជួរឈសម្រាប់
ជាទូទៅគេប្រើ ជួរឈ សម្រាប់ កំណត់ ប្រភេទទិន្នន័យដែលស្ថិតក្នុង បន្ទាត់ឈរបស់ខ្លួន នូវពត៌មានជាក់លាក់ថាជាពត៌មានអ្វីមួយ។
ឧទាហរណ៍ ជួរពត៌មានអំពីភេទសិស្ស ត្រូវតែមានទិន្នន័យ “ប្រុស” ឬក៏ “ស្រី” តែប៉ុណ្ណោះ បើជួរឈ្មោះសិស្ស គឺពីលើដល់ក្រោមត្រូវតែមានតែពត៌មាន ឈ្មោះតែប៉ុណ្ណោះ មិនអាចបញ្ចូល ថ្ងៃខែ ឬពត៌មានដទៃទៀតក្នុងជួរឈនេះបានឡើយ។
គោលការណ៍នៃជួរឈ គឺជួរឈមួយ ទិន្នន័យមួយមុខ។

៣. ជួរដេក
ជួរដេក នៃតារាងទិន្នន័យគឺសម្រាប់បញ្ចូលនូវពត៌មានកំណត់ត្រាថ្មី (Record) ។
ឧទារហណ៍បើអ្នកបញ្ចូលទិន្នន័យក្នុងតារាងពិន្ទុសិស្ស ។ នោះមួយជួរដេកនេះ គឺត្រូវមានតែពត៌មានរបស់សិស្សម្នាក់ ក្នុងមុខវិទ្យាមួយ សម្រាប់ការប្រឡង ១លើក។ សម្រាប់ពិន្នុ នៃសិស្សម្នាក់នេះដដែល ប្រឡងមុខវិទ្យាផ្សេង ត្រូវបន្ថែមជួរដេកថែមមួយ Rowទៀត។ ឬសិស្សផ្សេងសម្រាប់ការប្រឡងតែមួយក៏ត្រូវមានជួរដេកថ្មីសម្រាប់កំណត់ត្រាថ្មីដែរ។
គោលការណ៍នៃជួរដេក គឺជួរដេកមួយ កំណត់ត្រាពត៌មាននៃព្រឹត្តការណ៍ (Event ឬ Transaction) មួយដោយឡែក។ ទោះបីជាសិស្សតែមួយដដែល ប្រឡងលើមុខវិទ្យាដដែល តែសម្រាប់ខែផ្សេង ក៏យើងត្រូវបង្កើតបន្ថែមជួរមួយផ្សេងដែរ។

៤. ទិន្នន័យមានភាពជាប់លាប់ Data Consistency
ដើម្បីឲ្យទិន្នន័យ របស់យើង មានភាពស្តង់ដារគឺយើងត្រូវធានាថា រាល់កំណត់ត្រាថ្មីនិមួយៗមានភាពជាប់លាប់នូវប្រភេទពត៌មាននោះ។
ឧទាហរណ៍ ភេទ “ប្រុស” ត្រូវសរសេរបញ្ជូល “ប្រុស” ឲ្យពេញនិងដូចគ្នាគ្រប់សិស្ស មិនអាចពេលខ្លះបញ្ចូល “ប” ជំនួសឲ្យ “ប្រុស” ហើយពេលខ្លះបញ្ជូល “ប្រុស”ពេញ។
ដើម្បីធានាថាពត៌មានបញ្ចូលទៅមានភាពជាប់លាប់ដូចៗគ្នា សម្រាប់ពត៌មានណាដែលត្រូវបញ្ចូលដដែលៗច្រើនដង គឹយើងគួរ បង្កើត Dropdrown សម្រាប់បញ្ចូលពត៌មាននោះ។

៥. ប្រអប់មួយ ពត៌មានមួយ (One Cell, One Record)
ពេលខ្លះ សំណួរមួយអាចមានចម្លើយលើសពីមួយ។ ឧទាហរណ៍ អ្នកបង្កើតតារាងទិន្នន័យពត៌មានទូទៅរបស់សិស្ស ហើយត្រង់ជួរមុខវិទ្យារ ឬមេរៀន ដែលសិស្សបានរៀន ទោះបីជាសិស្សនោះរៀនលើសពីមួយមុខវិទ្យា ឬលើសមួយថ្នាក់រៀនក៏ដោយ ក៏យើងមិនគួរបញ្ចូលពត៌មាន ទាំងពីរ មុខវិទ្យាឬថ្នាក់រៀននោះក្នុងប្រអប់ Cell តែមួយនោះដែរ។
ការបញ្ចូលពត៌មានច្រើនក្នុងប្រអប់Cell តែមួយបែបនេះ នឹងបង្ករជាផលវិបាកក្នុងការគណនា Formulate វិភាគទិន្នន័យ Summarize ស្វែងរកទិន្នន័យ Filter/Search នៅពេលក្រោយ ។ ជាពិសេសនៅពេលដែលយើងមិនសូវមានចំណេះដឹងផ្នែក កូដ ឬសរសេរ Formula ផងនោះ។
បញ្ជាក់ៈអ្នកអាចដាក់ចម្លើយច្រើនបាន ប៉ុន្តែយើងមិនណែនាំឲ្យធ្វើបែបនេះឡើយ។

៦. ជៀសវាងសរុបទិន្នន័យក្នុងជួរឈរដូចបង្កើតតារាងរបាយការណ៍
ជាញឹកញយ យើងសង្កេតឃើញថាអ្នកវិភាគទិន្នន័យថ្មីថ្មោង ច្រើនរៀបចំតារាងទិន្នន័យរបស់ខ្លួន ចេញជារូបរាងដូចនឹងរបាយការណ៍ ដែលគេត្រូវការប្រើតែម្តង។ ដែលតារាងនោះ មានទាំង ការគណនាសរុបទិន្នន័យតាមជួរ និងញែកពត៌មានប្រភេទក្រុមតែមួយទៅ Column ផ្សេងគ្នា ដូចជាឆ្នាំ ឬមុខវិទ្យាជាដើមដូចឧទាហរណ៍ខាងក្រោមនេះ។ ធ្វើដូចនេះគេប្រើលើទម្រង់របាយការណ៍ មិនមែនជាទម្រង់តារាងទិន្នន័យទេ។

ការសរុបទិន្នន័យ ឬគណនាសង្ខេបទិន្នន័យដូចខាងក្រោម វាក្លាយជារបាយការណ៍ទៅហើយ វាលែងជាតារាងប្រភពទិន្នន័យទៀតហើយ។

៧. ជៀសវាងបង្រួមចូលគ្នា (Grouping)
ការបង្រួមទិន្នន័យចូលគ្នា នូវពត៌មានដដែលៗ ហើយ Merge Cell នេះគេប្រើលើតារាងរបាយការណ៍ដើម្បីឲ្យមានសោភ័ណ្ឌភាពស្អាត និង ស្រួលមើល។ ប៉ុន្តែ វាខុសគោលការណ៍នៃតារាងទិន្នន័យ ដែលមួយជួរដេក សម្រាប់កំណត់ត្រាមួយ។

ផ្អែកតាមគោលការណ៍ទាំង ៧នេះ អ្នកធ្វើលំហាត់សាកល្បង ម្តងទៀតទៅមើលថា តើម្តងនេះ អ្នកស្គាល់ពីតារាងទិន្នន័យកម្រឹតណា៖











Comments