ក្នុងសម័យបច្ចេកវិទ្យារីកចំរើនឆាប់រហ័ស និងវិវត្តឥតឈប់ឈរ តម្រូវការអ្នកជំនាញពត៌មានវិទ្យាផ្នែក សរសេរកម្មវិធី និងវិបសាយកាន់តែកើនឡើងខ្ពស់។ ហើយវិស័យបច្ចេកវិទ្យាទាំងនេះក៏បានជួយរួមចំណែកយ៉ាងច្រើនផងដែរ ដល់វិស័យអប់រំចាប់ពី របៀបនៃការគ្រប់គ្រង ប្រព័ន្ធពត៌មានទំនាក់ទំនង និងការចែកចាយឯកសារអប់រំទាំងអស់ត្រូវបានធ្វើឡើងតាមរយៈអ៊ីនធើណេត។ កត្តាទាំងនេះហើយបានធ្វើឲ្យធនធានមនុស្សសម័យបច្ចុប្បន្នមានការប្រកួតប្រជែងខ្ពស់ និងឈានទៅមុខយ៉ាងឆាប់រហ័ស។ យុវជនសម័យនេះត្រូវមានជំនាញរឹងផ្នែកសរសេរកម្មវិធី និងអភិវឌ្ឍន៍វិបសាយនេះដើម្បីងាយស្រួលក្នុងការចាប់យកឱកាសការងារល្អៗ និងទទួលបានប្រាក់បៀវត្តន៍ខ្ពស់។ ដូចនេះការរំពឹងតែលើការសិក្សាតាមកម្មវិធីអប់រំនៅតាមសាលាតែមួយមុខពិតជាមិនអាចគ្រប់គ្រាន់ឡើយ។ គឺយើងត្រូវប្រឹងប្រែងរៀនពីជំនាញរឹងទាំងនេះបន្ថែមដោយខ្លួនឯង។
ខាងក្រោមនេះជាវិបសាយដែលយើងអាចរៀនយកជំនាញសរសេរកម្មវិធី និងអភិវឌ្ឍន៍វិបសាយដោយឥតគិតថ្លៃ ដែលយើងអាចរៀនបានដោយខ្លួនឯងនៅផ្ទះឬនៅតាមគ្រប់ទីកន្លែងដែលមានអ៉ីនធើណេត។ វិបសាយមួយខាងក្រោយគេជាវិបសាយដែល ខ្ញុំចូលចិត្តបំផុត។
១. W3school

W3school ជាគេហទំព័រចាស់វស្សាមួយ ដែលអ្នកជំនាញពត៌មានវិទ្យាជាច្រើនបានស្គាល់វាយ៉ាងច្បាស់។ សម្រាប់អ្នកចាប់ផ្លើមរៀនថ្មីថ្មោងគេប្រើប្រាស់គេហំទំព័រនេះដើម្បីរៀនពីភាសារកូដ។ តែសម្រាប់អ្នកមានបទពិសោធន៍ស្រាប់ៗវិញគេតែងប្រើវាទុកមើលពេលភ្លេចកូដ ឬស្វែងរកSyntaxថ្មីតែប៉ុណ្ណោះ។
វាបានត្រឹមតែបង្ហោះមេរៀន និងដាក់លំហាត់អនុវត្តន៍នៃមេរៀន វាប្រៀបដូចជាសៀវភៅវចនានុក្រម Syntax មួយក្បាល ឬ Wikipedia សម្រាប់អ្នកកូដឌឺអ៊ីចឹង។ ហេតុនេះហើយពេលដែលគេត្រូវបង្រៀនភាសារកូដដល់នរណាម្នាក់គេច្រើនយក វិបសាយនេះឲ្យសិស្សមើល ហើយវាក៏ជាមូលហេតុដែលគេច្រើនយកវាមកមើលពេលភ្លេចដូចគ្នា ព្រោះវាស្រួល ចុចមើលវគ្គណាមុនក៏បាន។
អ្នកអាចមើលបានថាភាសារកូដណាខ្លះដែលត្រូវរៀនសម្រាប់ជំនាញអ្វីមួយដូចមានបង្ហាញក្នុងរូបខាងក្រោម។

២. Codecademy

គេហទំព័រនេះក៏មិនខុសអំពី គេហទំព៍រខាងលើដែរ គឺវាមានវគ្គបណ្តុះបណ្តាលជំនាញជាច្រើនដូចជា សរសេរកម្មវិធី អភិវឌ្ឍន៍គេហទំព័រ ឌីហ្សាញ គ្រប់គ្រងទិន្នន័យ តាមរយៈភាសារកូដ HTML & CSS SQL PHP Python Java C++។ វិបសាយនេះមិនមែនគ្រប់ជំនាញបណ្តុះបណ្តាលសុទ្ធតែផ្តល់ឲ្យឥតគិតថ្លៃនោះទេ។ តែអ្នកនៅតែអាចរកជំនាញមួយចំនួនដែលគេដាក់ឲ្យរៀនដោយឥតគិតថ្លៃដូចជា វគ្គដំបូងណែនាំអំពីJavascript នេះជាដើម ។
៣. FreeCodeCamp.com

នេះជាគេហទំព័រផ្តល់មេរៀនអភិវឌ្ឍន៍វិបសាយ និងកម្មវិធីលើប្រព័ន្ធអ៊ីនធើណេតដែលខ្ញុំចូលចិត្តជាងគេ និងអ្វីដែលពិសេសគឺមិនគិតថ្លៃទាំងស្រុងតែម្តង។ អ្វីដែលខ្ញុំចូលចិត្តក្នុងវិបសាយនេះ គឺគេរៀបចំមេរៀនចម្រុះភាសារកូដដែលត្រូវការចាំបាច់ក្នុងជំនាញអភិវឌ្ឍន៍គេហទំព័រក្នុងវគ្គតែមួយ តាមលំដាប់តាំងពីដើម ដល់ចប់ដោយមិនចាំបាច់ឲ្យយើងត្រូវចុះឈ្មោះរៀនច្រើនវគ្គនោះទេ។ មេរៀនរៀបជាលំដាប់ពីកំរឹតមូលដ្ឋាន Web Designer ទៅដល់កំរឹតជំនាញ Fullstack Web Developer។ វិធីសាស្ត្របង្រៀនគឺផ្តោតលើការអនុវត្តន៍គម្រោង Project based ដែលងាយឲ្យអ្នករៀនឆាប់ចាប់បាន និងចងចាំ ពេលរៀនចប់យើងធ្វើបាន៥គម្រោងតែម្តង។ វាជាវិបសាយមិនសូវមានមុខងារច្រើនរញ៉េរញ៉ៃធ្វើឲ្យពិបាកយល់នោះទេ គឺមុខងារតែមួយគត់គឺចែករំលែកមេរៀនខាងផ្នែកអភិវឌ្ឍន៍គេហទំព័រ។ គ្រប់មេរៀនពីចំនុចចាប់ផ្តើមសម្រាប់អ្នកមិនទាន់ចេះសោះដល់អ្នកមានបទពិសោធន៍ក្នុងការប្រើប្រាស់ភាសារកូដ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដើម្បីនឹងមានទំនាក់ទំនងតាមលំដាប់លំដោយជាប់គ្នាពីមេរៀនពីមួយទៅមេរៀនមួយបន្ទាប់ទៀត។ នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញសរសេរគេហទំព័រ គេមានបញ្ចូលមេរៀនភាសារកូដដូចជា HTML CSS Javascript និង PHP ដែលជាភាសារមិនអាចខ្វះបានក្នុងការបង្កើតគេហទំព័រ។

លក្ខណៈវិសេសនៃវិបសាយ FreeCodeCamp គឺវាអនុញ្ញាតឲ្យយើងអនុវត្តបានភ្លាមៗនៅមេរៀនទាំងនោះដូចដែលរូបភាពខាងលើបានបង្ហាញ។ មិនតែប៉ុណ្ណោះគេហទំព័រនេះក៏បានប្រាប់យើងថាយើងបានឆ្លងកាត់ប៉ុន្មានជំហានហើយ និងនៅប៉ុន្មានជំហានទៀត។ យើងនឹងត្រូវតម្រូវឲ្យធ្វើគម្រោងផ្សេងៗតាមជំនាញនិងជំហានដែលយើងបានឆ្លងកាត់។ អ្នកអាចចុចលីងតំណរនេះដើម្បីអានអត្តបទថ្មីមួយទៀតទាក់ទងនឹងវិធីចូលប្រើប្រាស់គេហទំព័រមួយនេះ។ នៅពេលអ្នកបានបញ្ចប់វគ្គ និងគម្រោងដែលវិបសាយនេះបានដាក់់ឲ្យ អ្នកអាចស្នើរសុំលិខិតវិញ្ញាបនបត្របញ្ជាក់អំពីជំនាញរបស់អ្នក។ ខ្ញុំសូមធានាថាពេលដែលអ្នកកាន់វិញ្ញាបនប័ត្រនេះ នឹងមិនខ្វះការងារធ្វើឡើយ។
៤. DataCamp

DataCamp ជាផ្លេតហ្វមរៀនអនឡាញ ដែលផ្តោតលើជំនាញ វិស្វករទិន្នន័យ Data Analyze និងអ្នកវិទ្យសាស្ត្រទិន្នន័យ Data Science ផ្តោតលើគ្រប់ភាសារសម្ខាន់សម្រាប់បម្រើការងារក្នុងវិស័យទិន្នន័យដូចជា R, Python, SQL, PowerBI, Tablue និង Excel ជាដើម។ DataCamp ផ្តល់នូវកម្មវិធីសិក្សាសម្បូបែប ទំនើប មានវិធីសាស្ត្របង្រៀនច្បាស់លាស់ គឺរៀន/បង្រៀន អនុវត្តន៍ និងតេស្ត៍ចំណេះដឹង។ គ្រប់វគ្គសិក្សាសុទ្ធតែមានគុណភាពមេរៀនខ្ពស់ មានលំហាត់អនុវត្ត ដែលឆ្លុះបញ្ចាំងទៅនឹងកិច្ចការងារក្នុងសង្គមផ្ទាល់ដែលអ្នករៀនអាចយកមេរៀននេះប្រើប្រាស់ក្នុងការងារបានតែម្តង។ ដែតាខេម គឹជាមជ្ឈមណ្ឌលរៀនកូដអនឡាញ ស្រដៀងនិង សហគមន៍ CampusKH ដែលបង្កើតដោយ Arvakas Techដូចគ្នាដែរ តែដែតាខេមផ្តោតតែលើវិទ្យាសាស្ត្រទិន្នន័យ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI។ តែចំនុចមួយដែលមិនសូវអំណោយផលដល់សិស្សានុសិស្សនោះគឺវគ្គសិក្សារបស់ DataCamp គិតថ្លៃសិក្សាប្រចាំខែ ដែលតម្រូវឲ្យអ្នកសិក្សាត្រូវរៀនឲ្យលឿនចប់មុនពេលសុពលភាពត្រូវបានបញ្ចប់។ តែកុំបារម្មណ៍អ្នកអាចស្នើរសុំគណនីសិស្សតាមរយះ គណនី Github ដើម្បីទទួលបាន កូប៉ុង សិក្សាឥតគិតថ្លៃឥតកំណត់រយៈពេល៣ខែ បើសិនអ្នកមានអ៊ីមែលបង្កើតឡើងដោយសាលារបស់អ្នក។
៥. Udemy

Udemy ជាផ្លេតហ្វមផលិតមាតិការមេរៀនអនឡាញបង្រៀនជាវិដេអូរ។ Udemy មានទទួលអ្នកផលិតមាតិការមេរៀនពីជំវិញពិភពលោក ធ្វើឲ្យមេរៀននៅលើនេះសម្បូរបែប។ ប្រធានបទនៅលើ Udemy ដូចជាមិនមានការកំណត់ផ្តោតលើតែវិស័យបច្ចេកវិទ្យាអ្វីមួយឡើយ។ គុណភាពអប់រំគឺអាស្រ័យលើអ្នកបណ្តុះបណ្តាលនិមួយៗ និងវិធីសាស្ត្របង្រៀនក៏កំណត់ដោយអ្នករៀបចំមេរៀនផងដែរ។ អវកាសថេចសូមណែនាំគ្រូណែនាំផ្នែកអភិវឌ្ឍន៍កម្មវិធីលើអ៊ីនធើណេតដ៏ល្បីល្បាញមួយរូបគឺ អ្នកគ្រូបណ្ឌិត អេនជេឡា ដែលទទួលបានការពេញនិយមខ្លាំងមានអ្នកចុះឈ្មោះសិក្សាប្រមាណ ២.៦លានអ្នក លើវគ្គសិក្សាទាំង៧របស់គាត់។

សំគាល់៖ តំណលឺងទៅចុះឈ្មោះវិបសាយតាមរយះលីងខាងលើ គឺជាប្រភេទលីងអាហ្វីលីអេត (affiliate)។












Comments